ដំណឹង និងព្រឹត្តិការណ៏
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ កសហវ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានអញ្ជើញចូលរួមជាគណៈអធិតីក្នុងពិធីផ្សព្វផ្សាយ និងកិច្ចសន្ទនាលើលទ្ធផលនៃការអង្កេតលើការបើកចំហថវិកា (Open Budget Survey-OBS) ឆ្នាំ២០២៣ របស់កម្ពុជា ដែលបានសហការរៀបចំដោយប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU Delegation to Cambodia), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) និងអង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership-IBP)។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើនិន្នាការនៃលទ្ធផល OBS ឆ្នាំ២០២៣ ទាំងក្នុងកម្រិតសកល តំបន់ និងសម្រាប់កម្ពុជា និងពិភាក្សាលើកាលានុវត្តភាពក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពថវិកានៅកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិរួមមានរដ្ឋសភា និងព្រឹទ្ធសភា, តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងសារព័ត៌មាន សរុបចំនួនប្រមាណ ១៣០ រូប។ សន្ទស្សន៍ពិន្ទុ OBS ឆ្នាំ២០២៣ របស់កម្ពុជា ត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលពិន្ទុនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើងចំនួន ១០ ពិន្ទុ ពី ៣៣ពិន្ទុ ក្នុងឆ្នាំ២០២១ ដល់ ៤៣ពិន្ទុ ក្នុងឆ្នាំ២០២៣។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំនៃការចុះសិក្សា និងវាយតម្លៃលើការប្រើប្រាស់ FMIS របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ។
នាថ្ងៃអង្គារ ៩ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យមើលលើសេចក្ដីព្រាងបទបង្ហាញស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤ (CAP4) ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ ឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរងនៃ អ.គ.ហ. និង មានការចូលរួមពីមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។
នៅព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា គ.ស.២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង” ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃន.ធ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និយ័តករ និងអង្គភាពក្រោមឱវាទរបស់អ.ស.ហ. ។
នៅរសៀលថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស.២០២៤ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃផលិតផលធានារ៉ាប់រង “AIA 100 ការពារ” របស់ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមផ្សព្វផ្សាយនូវរបាយការណ៍សមិទ្ធផលការងារ ឆ្នាំ២០២១-២០២៣ របស់និយ័តករបរធនបាលកិច្ច។
នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា គ.ស.២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) សហការជាមួយវិទ្យាស្ថានខេមអេដ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ស្តីពីការប្រកួតប្រជែង” ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខេមអេដ ដោយមានការចូលរួមពីលោក-លោកស្រីជាតំណាងគ្រឹះស្ថានធានារ៉ាប់រងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលេីគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់អង្គភាពថវិកា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកាទៅតាមតារាងកាលវិភាគកិច្ចប្រជុំ និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងរៀបចំវេចខ្ចប់តួលេខថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៨:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពបេីកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការងារបណ្ណសារដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន លោក លោកស្រីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងក្នុងគោលបំណងពង្រឹង អភិវឌ្ឍបន្ថែមនូវការយល់ដឹង សមត្ថភាពអនុវត្តការងារបណ្ណសារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤, នៅទីស្តីការអគ្គិសនីកម្ពុជា, លោក ហង្ស វុទ្ធិកា, អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃ អ.រ.ជ., អមដោយសហការី បានចូលរួមកិច្ចប្រជុំ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប្រាំង ជលសា, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគិ្គសនីកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនសក្តានុពល និងកាលានុវត្តភាពទីផ្សារកាបូន ព្រមទាំងមានការចូលរួមតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ ដំណាក់កាលទី៤ ត្រីមាសទី១។នាព្រឹក ថ្ងៃពុធ ១៤រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៩:០០ នាទី,លោក អ៊ុច
សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ អមដោយលោកអនុប្រធានមន្ទីរ
និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដើម្បីពិភាក្សាអំពី
“ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី ៤
ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤” តាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(គ.ហ.ស.) បានដឹកនាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ននានា។
កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
១.
ការពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
២. ផ្សេងៗ។
នាថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, តំណាងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កហសវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ ជាមួយសហភាពអឺរ៉ុប ពិភាក្សាលើលទ្ធផលនៃការអនុវត្តសូចនាករសមិទ្ធកម្មឆ្នាំ២០២៣ ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និងការត្រៀមរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរវាងរដ្ឋាភិបាលកម្ពុជា និងសហភាអឺរ៉ុបស្ដីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលនឹងប្រព័ន្ធទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមដោយបណ្ដាអង្គភាពទទួលបន្ទុកសូចនាករសមិទ្ធកម្ម EU រួមមាន អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណ:, អគ្គនាយកដ្ឋានគោលនយោបាយ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងតំណាងក្រុមការងារកែទម្រង់តាមក្រសួង ស្ថាប័នរួមមានក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិស្ថិតិ។
ក្រចេះ ,ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋានថវិកា នៃកសហវ និង លោក នុន គឹមសាន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជូន លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត សរុបប្រមាណ ៥០នាក់។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្តល់ជាមគ្គុទ្ទេសបច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៥-២០២៧ និងលើកគម្រោងថវិកាឆ្នាំ២០២៥ របស់មន្ទីរជំនាញថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន។
ព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ អមដោយលោកអនុប្រធានមន្ទីរទទួលបន្ទុកទាំងពីររូប បានដឹកនាំលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធចូលរួមសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងឱ្យអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចអនុវត្តបានទូលំទូលាយ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ គោលការណ៍ណែនាំរួមនេះ គឺជា ឯកសាររស់ ដែលរាជរដ្ឋាភិបាលនឹងត្រូវធ្វើបច្ចុប្បន្នកម្មស្របតាមវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតាមតម្រូវការជាក់ស្តែង ដោយផ្អែកលើការធ្វើវិសោធនកម្មច្បាប់ ឬការអនុម័តច្បាប់ថ្មីៗ ដែលតម្រូវឱ្យមានការកែសម្រួលបន្ថែមជាចាំបាច់។
នាព្រឹកថ្ងៃចន្ទ ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រាំបីនិងសាមសិបនាទីព្រឹក លោក សៀក សុភ័ក អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣) របស់មន្ទីរ អង្គភាពជំនាញថ្នាក់មូលដ្ឋាន នៃក្រសួង ស្ថាប័ន ក្នុងខេត្តក្រចេះ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន លោក លោកស្រី តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ ៥៥រូប។ កិច្ចប្រជុំនេះ មានគោលបំណងធានានូវការកត់ត្រា ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋ ដែលស្ថិតនៅក្រោមការកាន់កាប់របស់អង្គភាពប្រើប្រាស់ ក្នុងខេត្តក្រចេះ ។
ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោក លោកស្រី អនុប្រធានមន្ទីរ អនុប្រធានសាខាគយនិងរដ្ឋាករខេត្ត អនុប្រធានរតនាគារខេត្ត អនុប្រធានសាខាពន្ធដារខេត្ត និងលោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពិធីសំណេះសំណាលនេះ បានស្តែងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការចូលនិវត្តន៍ ដែលលោកបានបន្សល់ទុកនូវសា្នដៃដ៏ធំធេងមិនអាចបំភ្លេចបាន ក្នុងការរួមចំណែកក្នុងការស្តារ និងកសាងប្រទេសជាតិ។