នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ កសហវ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. និងមានការសហការសម្រួបសម្រួលពីធនាគារពិភពលោក, សហភាពអឺរ៉ុប និងជំនួយអូស្ត្រាលី បានរៀបចំសិក្ខាសាលាស្តីពីអភិបាលកិច្ច និងការគ្រប់គ្រងសហគ្រាសសាធារណៈនៅប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃនៅខេត្តសៀមរាប។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺគាំទ្ររដ្ឋាភិបាលក្នុងការកែលម្អនិងគ្រប់គ្រងសហគ្រាសសាធារណៈ (SOEs) កម្ពុជា ដែលនាំមកនូវការពិភាក្សាអំពីបទពិសោធន៍អន្តរជាតិនិងការអនុវត្តល្អលើការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ និងយុទ្ធសាស្ត្រអភិបាលកិច្ចល្អប្រកបដោយប្រសិទ្ធភាពសម្រាប់អង្គភាពសាធារណៈ (PEs) ក៏ដូចជាបញ្ហាប្រឈមទូទៅក្នុងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពហិរញ្ញវត្ថុរបស់ SOEs នៅក្នុងប្រទេសកម្ពុជា។ ចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះ ត្រូវបានគេរំពឹងថានឹងក្រើនរំលឹកពីសកម្មភាពកំណែទម្រង់លើការកែលម្អការគ្រប់គ្រង និងអភិបាលកិច្ចរបស់ SOEs នៅក្នុងដំណាក់កាលកំណែទម្រង់បច្ចុប្បន្ននៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។