នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តមុខងារ និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថ្នាក់កណ្ដាលពាក់ព័ន្ធ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំង២៥រាជធានី-ខេត្ត។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ដោយក្នុងនោះ អង្គប្រជុំបានបន្តពិនិត្យលើវឌ្ឍនភាពការងារ និងបានកំណត់ក្របខណ្ឌពេលវេលាសម្រាប់ការរៀបចំកែសម្រួល និងបំពាក់មុខងារ និងភារកិច្ចថ្មីជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋានបទដ្ឋានគតិយុត្ដពាក់ព័ន្ធផង និងការអនុវត្ដការងារជាក់ស្ដែងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង។
កិច្ចប្រជុំបានដំណើរការតាមការគ្រោងទុក និងបញ្ចប់នៅម៉ោង ១២:០០ នាទីរសៀល ក្រោមបរិយាកាសរីករាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។