ព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ អមដោយលោកអនុប្រធានមន្ទីរទទួលបន្ទុកទាំងពីររូប បានដឹកនាំលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធចូលរួមសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងឱ្យអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចអនុវត្តបានទូលំទូលាយ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ គោលការណ៍ណែនាំរួមនេះ គឺជា ឯកសាររស់ ដែលរាជរដ្ឋាភិបាលនឹងត្រូវធ្វើបច្ចុប្បន្នកម្មស្របតាមវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតាមតម្រូវការជាក់ស្តែង ដោយផ្អែកលើការធ្វើវិសោធនកម្មច្បាប់ ឬការអនុម័តច្បាប់ថ្មីៗ ដែលតម្រូវឱ្យមានការកែសម្រួលបន្ថែមជាចាំបាច់។