នាពេលរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ បានសម្របសម្រួលនិងរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេសរបស់ចៅក្រមនិងព្រះរាជអាជ្ញា។ កិច្ចប្រជុំនេះ មានវត្តមានចូលរួមរបស់ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌, ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម, លោក ជ័យ សម្បត្តិផល្លា តំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងតំណាងក្រសួងយុត្តិធម៌ អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ។